លោកុប្បត្តិ១

1កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី។
2ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក 3នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ​ពន្លឺ​ក៏​មាន​ឡើង 4ព្រះ‌ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ 5ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។
6បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា 7ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ 8រួច​ព្រះ‌ទ្រង់​ហៅ​ប្រឡោះ​នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។
9បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ 10ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ 11រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ដី​ដុះ​តិណ‌ជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ នឹង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ 12ដី​ក៏​ដុះ​តិណ‌ជាតិ​ទាំង‌ឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ នឹង​រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ 13នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។
14បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ នឹង​ឆ្នាំ 15ហើយ​សំរាប់​ជា​ពន្លឺ​នៅ​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី នោះ​ក៏​មាន​ដូច្នោះ 16ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ 17ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី 18ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ នឹង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ 19នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។
20បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆា‌ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ នឹង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស 21ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ នឹង​ជីវិត​ទាំង‌ឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិន‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ 22ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ 23នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥។
24បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ នឹង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ 25ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ 26ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង 27ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី 28ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង 29ទ្រង់​មាន​បន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី នឹង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​កើត​ផ្លែ មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង 30ហើយ​អញ​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​លើ​ដី សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ នោះ​ក៏​មាន​ដូច្នោះ 31រួច​ព្រះ‌ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៦។

© BFBS/UBS 1954, 1962. All Rights Reserved.
ចុចអានបន្ត »

យ៉ូហាន១៤

1កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ 2នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា 3បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ 4ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ 5ថូម៉ាស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន 6ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ 7បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរ‌បិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង 8ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ 9ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរ‌បិតា​ផង​ដូច្នេះ 10តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ 11ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ 12ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា 13ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា 14បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ។
15បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ 16នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរ‌បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់‌កល្ប​រៀង​ទៅ 17គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ 18ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ 19បន្តិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ 20នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ 21អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរ‌បិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង 22យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង 23ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ 24អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះវរ‌បិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។
25ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ 26តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរ‌បិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ 27ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ 28អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន​សេចក្ដី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ដ្បិត​ព្រះវរ‌បិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ 29ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ 30ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ 31គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរ‌បិតា​វិញ ដើម្បី​ឲ្យ​លោកីយ​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។
ចុចអានបន្ត »